Produce Your Own Animal Feeds - រៀនផលិតចំណីសត្វដោយខ្លួនឯង

ក្រៅពីការជួយជ្រោមជ្រែងកសិករកម្ពុជារាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ ក្នុងការដាំដុះ ការពារ និងថែទាំដំណាំនានារបស់ពួកគាត់អោយទទួលបានទិន្នផលខ្ពស់ ចំណាយផលិតកម្មទាប តាមរយៈការផ្គត់ផ្គង់ជី ថ្នាំ ប្រព័ន្ធស្រោចស្រព គ្រឿងយន្តកសិកម្ម (ពិសេសគោយន្តដែលមានអំប៊្រីយ៉ាឌុប និងត្រាក់ទ័រម៉ាក ហ្វឺរ៉ារី និង ប៊ីស៊ីអេស) ដែលមានគុណភាពខ្ពស់ ឥឡូវនេះអង្គរហ្គ្រីនបាន នឹងកំពុងដំណើរការអាជីវកម្មបែបសង្គមមួយទៀតគឺ ការបង្កើនសមត្ថភាពម្ចាស់កសិដ្ឋានចិញ្ចឹមសត្វតាមរយៈការផលិតចំណីសត្វដោយខ្លួនឯង និងការភ្ជាប់ទំនាក់ទំនងរវាងអ្នកចិញ្ចឹមសត្វជាមួយ នឹងតួអង្គសំខាន់ៗផ្សេងទៀតក្នុងផ្នែកចិញ្ចឹមសត្វដូចជាអ្នកចិញ្ចឹម នៅតំបន់ផ្សេងទៀត ពេទ្យសត្វ អ្នកលក់ថ្នាំសត្វ និងឈ្មួញទិញជ្រូកជាដើម។ ១. តម្រូវការ និងការផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា៖ ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាត្រូវការចំណីសត្វ (ភាគច្រើនជាចំណីជ្រូក) យ៉ាងតិចប្រមាណ ២,០០០ តោន ក្នុង១ថ្ងៃ ឬ ប្រមាណជា ៧០០,០០០តោនក្នុងមួយឆ្នាំ (តួរលេខឆ្នាំ២០១២) ។ បរិមាណចំណីសត្វដែលនាំចូលមានប្រហែលជា ៦០% រីឯការផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណតែ ៤០% ប៉ុណ្ណោះ ។ ក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជាមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ដូច្នេះ ប្រសិនបើយើងអាចកាត់បន្ថយការនាំចូលបាន ត្រឹម ៥០% នោះ យើងនឹងសល់ប្រាក់ចំនួន ៥០០,០០០ ដុល្លារ/ថ្ងៃ (សន្មត់ថា ១តោន ៥០០ដុល្លារ)។ តួរលេខឆ្នាំ២០១២ បានបង្ហាញថា ទីក្រុងភ្នំពេញត្រូវការជ្រូកសាច់ជាម្ហូបអាហារចំនួន ២,០០០ក្បាល/ថ្ងៃ ហើយតម្រូវការជ្រូកនៅទូទាំងប្រទេសប្រមាណ ៤,០០០-៥,០០០ ក្បាល/ថ្ងៃ។ ២. ឱកាសនៃការផលិតចំណីសត្វនៅកម្ពុជា៖ យើងអាចចិញ្ចឹមសត្វ ពិសេសជ្រូកបានដោយមិនចាំបាច់ទិញចំណីក្រុមហ៊ុន ឬចំណីនាំចូលពីប្រទេសជិតខាងឡើយ។ យើងក៍មានសមត្ថភាពអាចផ្សំចំណីដោយខ្លួនឯងបានដែរ។ កម្ពុជាយើងសម្បូរវត្ថុធាតុដើមដែលអាចយកទៅផលិតចំណីសត្វបាន ហើយវត្ថុធាតុដើមទាំងនោះមានតម្លៃទាបផងដែរ។ ភាគច្រើនចំណីដែលលក់លើទីផ្សារជាចំណីនាំចូល (វៀតណាម ថៃ...) និងមានតម្លៃថ្លៃ ។ មនុស្សកើនឡើង នាំអោយតម្រូវការសាច់កើនឡើងដែរ ។ កំណើនផលិតកម្មសត្វ តម្រូវអោយមានកំណើនផលិតកម្មចំណី។ មានក្រុមហ៊ុនក្នុងស្រុកតិចតួចដែលផលិតចំណីសត្វ។ នៅប្រទេសជិតខាងនីមួយៗមានរោងចក្រផលិតចំណី ៥០០ - ៦០០ តែនៅកម្ពុជាមានតែ ៦ - ៧ ប៉ុណ្ណោះ។ ៣. តើហេតុអ្វីបានជាអ្នកគួរផលិតចំណីសត្វដោយខ្លួនឯង? ចំណីមានប្រូតេអ៊ីនថេរ គុណភាពល្អ ចំណីថ្មី មិនផ្អួរ មានក្លិនឈ្ងុយ ជ្រូកចូលចិត្តស៊ី នាំអោយជ្រូកធំធាត់លឿន ។ សាច់ជ្រូកមានរសជាតិឆ្ងាញ់ សាច់ក្រហមច្រើន មិនសូវមានជាតិទឹក សាច់ស្ងួតល្អ ជ្រូកមានទម្ងន់ធ្ងន់ តម្លៃលក់បានថ្លៃ ឈ្មួញចូលចិត្តទិញ។ កាត់បន្ថយថ្លៃដើមក្នុងការចិញ្ចឹមជ្រូក ដោយប្រើចំណីផលិតខ្លួនឯងមានតម្លៃទាប (ថ្លៃទាបជាងចំណីទីផ្សារប្រហែល៣០%) នាំអោយការចិញ្ចឹមជ្រូកទទួលបានប្រាក់ចំណេញច្រើន។ ជាទូទៅកសិករ អាចកាត់បន្ថយថ្លៃដើមផលិតបានប្រមាណ៤៥ដុល្លារអាមេរិក ក្នុងមួយវគ្គផលិតកម្មជ្រូកនៃការចិញ្ចឹមជ្រូក១ក្បាល ដោយគ្រាន់តែជំនួសការកិនចំណីដោយខ្លួនឯងប៉ុណ្ណោះ។ ជួយអោយមានទីផ្សារកសិផលក្នុងស្រុក ដូចជាស្រូវ ពោត ដំឡូងមី សណ្តែកសៀងជាដើម តាមរយៈការទិញកសិផលទាំងនោះមកផលិតជាចំណីសត្វ។ ជួយបង្កើនប្រាក់ចំណូល បង្កើនចំណេះដឹងដល់កសិករ និងបង្កើនការងារក្នុងស្រុក។ ជួយអោយចរន្តសេដ្ឋកិច្ចជាតិមានដំណើរការល្អ កាត់បន្ថយការនាំចូល និងបង្ខិតជិតនៃអតុល្យភាពជញ្ជីងសេដ្ឋកិច្ចជាតិ។ ៤. វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វដោយខ្លួនឯង៖ យើងអាចរកបានវត្ថុធាតុដើមសំខាន់នៅជុំវិញតំបន់របស់កសិដ្ឋានចិញ្ចឹមសត្វ។ វត្ថុធាតុដើមទាំងនោះរួមមាន៖ ចុងអង្ករ កន្ទក់ ពោត ដំឡូងមី ក្បាលបង្គារ សំបកងាវ ឬសំបកខ្យង ម្សៅត្រី និងប្រេងឆាជាដើម។ល។ វត្ថុធាតុដើមដែលកសិករមិនអាច ឬពិបាករកទិញនៅក្នុងសហគមន៍របស់ពួកគាត់មានដូចជា៖ កាក ឬកន្ទក់សណ្តែកសៀង ម្សៅអេចភី អង់ស៊ីម ប្រេម៉ិច ម្សៅទឹកដោះគោ និងបាសម៉ិចជាដើម។ល។